អាជ្ញាធរខេត្តសៀមរាប ជំរុញដល់អ្នកពាក់ព័ន្ធពន្លឿនការស្ដារអូរដើម្បីរំដោះទឹក កុំឱ្យជន់លិចនៅលើផ្លូវជាតិលេខ៦ កែងផ្លូវហាយវេ

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់អ្នកពាក់ព័ន្ធពន្លឿនការស្ដារអូរដើម្បីរំដោះទឹក កុំឱ្យជន់លិចនៅលើផ្លូវជាតិលេខ៦ កែងផ្លូវហាយវេ

ក្នុងឱកាសដឹកនាំប្រជុំពិភាក្សា និងស្វែងរកដំណោះស្រាយបញ្ហាទឹកជន់លិច ក្នុងភូមិសាស្ដ្រស្រុកប្រាសាទបាគង នៅថ្ងៃទី២ ខែកញ្ញាឆ្នាំ២០២៦ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បន្តពន្លឿនការស្ដារប្រឡាយស្ដារអូរ និងបើកមុខទឹក ដើម្បីធ្វើការរំដោះទឹកកុំឱ្យមានការនៅលើផ្លូវជាតិលេខ៦ ត្រង់ផ្លូវកែងហាយវេ ដែលជាការងារអាទិភាពចំពោះមុខ ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់អ្នកដំណើរ កុំឱ្យមានការលិចលង់ នៅពេលមានទឹកភ្លៀងធ្លាក់។

លោក ឌី រ៉ាដូ បានស្នើដល់អាជ្ញាធរមូលដ្ឋានត្រូវលើកជារួមនូវបញ្ហាប្រព័ន្ធទឹកដែលស្ទះ ដើម្បីធ្វើការរំដោះទឹក ក៏ដូចជាស្ដារ ដើម្បីកុំឱ្យមានការជន់លិចក្នុងភូមិសាស្ដ្រស្រុកបាគង។ សម្រាប់នៅតំបន់ខាងលិចរង្វង់មូលផ្ការំដួល មិនមានការជន់លិចដូចមុនឡើយដោយសារយើងបានចុះស្ដារ ប្រឡាយ ស្ដារអូរបានទាន់ពេលវេលា ដែលបានជួយរំដោះទឹកកុំឱ្យមានការជន់លិចនៅលើផ្លូវជាតិឡើយ។ ដោយឡែកនៅផ្លូវជាតិលេខ៦ ត្រង់កែងហាយវេ មានការជន់លិចខ្លាំងដល់លើផ្លូវជាតិ ដែលទាមទារឱ្យយើងត្រូវស្វែងរកដំណោះស្រាយ មធ្យោបាយ ដើម្បីរំដោះទឹកកុំឱ្យលិចលង់នៅលើផ្លូវជាតិ។

លោកអភិបាលរងខេត្ត បានស្នើដល់អាជ្ញាធរស្រុក ត្រូវសិក្សាលើការស្ដារប្រឡាយទឹក ស្ដារអូរដែលស្ទះទឹក ហើយដាក់ជាគម្រោងអាទិភាព ដើម្បីស្នើសុំណាគោលការណ៍ពីឯកឧត្តមអភិបាលខេត្ត ដើម្បីធ្វើការចុះស្ដារបានទាន់ពេលវេលា។

លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានឱ្យដឹងថា ប្រភពដែលនាំឱ្យមានការជន់លិច ទី១.កត្តាទឹកភ្លៀង ទី២.ទឹកភ្លៀងធ្លាក់ពីភ្នំគូលែន (ចាក់ទៅទន្លេសាប ស្រុកប្រាសាទបាគង) ទី៣.ទឹកឡើងពីទន្លេសាប និងការបង្វែរទឹកពីទំនប់ខាងលើមិនឱ្យលិចក្រុង។ លោកថាដើម្បីទប់ស្កាត់ការជន់លិចទឹក អាជ្ញាធរស្រុកនឹងបន្តស្ដាប្រឡាយ ២ខ្សែ មកផ្លូវជាតិលេខ៦ ដាក់លូស្របតាមផ្លូវជាតិលេខ៦ស្ដារនិងកែលម្អស្ទឹងរលួស បើកទ្វារទឹកទំនប់រលក ទម្លាក់ទឹកមកស្ទឹងរលួស ស្ដារនិងកែលម្អប្រឡាយ ខាងកើតផ្លូវហាយវេទៅស្ពានអូរចិញ្ចៀន ស្ដារស្ទឹងរលួសប៉ែកខាងក្រោម និងបើកទ្វារទឹកទាំងអស់ លើកកម្ពស់ផ្លូវខាងកើតស្ទងរលួស ឬចាក់បេតុងការពារទឹកចេញពីស្ទឹងចូលភូមិ៕

អត្ថបទ៖ លោក អោត រត់

កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Leave a Reply

Your email address will not be published. Required fields are marked *