ចេញផ្សាយ៖ថ្ងៃទី១៩ខែមីនា ឆ្នាំ២០២៦
សៀមរាប៖ នាថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៨និង៣០នាទីព្រឹក អយ្យការអមសាលាដំបូងខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទក្រោមអធិបតីភាពឯកឧត្តមសៀង សុខ ព្រះរាជអាជ្ញា និងដោយមានការចូលរួមពីលោក ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប លោកព្រះរាជអាជ្ញារងលោកស្នងការរង លោកនាយ–នាយរងការិយាល័យ លោក លោកស្រី អធិការ–អធិការរងក្រុង–ស្រុក លោកប្រធាន អនុប្រធានលេខាធិការដ្ឋានរដ្ឋបាល លោកស្រីប្រធានការិយាល័យ និងមន្រ្តីចំណុះ។
កិច្ចប្រជុំខាងលើ បានលើកយកនូវរបៀបវារៈចំនួន ៣ ធំ ដូចខាងក្រោម៖ ១–ការកសាងសំណ៉ំរឿងប្រឆាំងគ្រឿងញៀន ដោយបានលើកពីបច្ចេកទេសក្នុងការស៊ើបអង្កេតបទល្មើស និងពិភាក្សាពីបញ្ហាប្រឈម ដែលបានជួបប្រទះកន្លងមក។
២–ការកសាងសំណ៉ំរឿងប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្នុងនោះបានលើកពីនីតិវិធីក្នុងការស៊ើបអង្កេត និងកំណត់បទល្មើស ព្រមទាំងពិភាក្សានូវចម្ងល់ និងបញ្ហាប្រឈមក្នុងការអនុវត្តជាក់ស្តែងមួយចំនួន។
៣–ការអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន ដោយបានបកស្រាយពីប្រភេទដីកាបង្គាប់ឱ្យចាប់ខ្លួន និងដោះស្រាយពីបញ្ហាក្នុងការអនុវត្តព្រមទាំងចែករំលែកនូវគន្លឹះមួយចំនួន ដើម្បីរួមចំណែកក្នុងការកាត់បន្ថយចំនួនដីកាបង្គាប់ឱ្យចាប់ខ្លួនដែលនៅសល់។ កិច្ចប្រជុំត្រូវបានបញ្ចប់ប្រកបដោយបរិយាកាសរីករាយ និងស្និតស្នាលជាទីបំផុត ៕ដោយ៖លុចណាម

