ពលរដ្ឋបង្ហាញក្ដីរំភើប និងសប្បាយរីករាយក្នុងការចូលរួម «មហាព្រឹត្តិការណ៍រត់ទៅទស្សនាសមរាត្រី» ដើម្បីផ្សព្វផ្សាយសក្ដានុពលទេសចរណ៍សៀមរាប

ពលរដ្ឋបង្ហាញក្ដីរំភើប និងសប្បាយរីករាយក្នុងការចូលរួម «មហាព្រឹត្តិការណ៍រត់ទៅទស្សនាសមរាត្រី» ដើម្បីផ្សព្វផ្សាយសក្ដានុពលទេសចរណ៍សៀមរាប

មហាព្រឹត្តិការណ៍រត់ប្រណាំងដ៏ធំមួយក្រោមឈ្មោះ «រត់ទៅទស្សនាសមរាត្រី» បានប្រព្រឹត្តទៅដោយទទួលបានការគាំទ្រយ៉ាងកុះករពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដ៏សំខាន់គឺ ដើម្បីរួមចំណែកផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍ដ៏សម្បូរបែបនៃខេត្តសៀមរាបឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់។

លោកស្រី ស្រី សុភី ដែលបានចូលរួមក្នុងមហាព្រឹត្តការណ៍នេះ បានបង្ហាញនូវក្ដីរំភើប និងភាពសប្បាយរីករាយ ដែលបានចូលរួមចំណែកក្នុងការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ក្នុងខេត្ដសៀមរាបឱ្យកាន់តែល្បីរន្ទឺទៅកាន់ពិភពលោក។ ថ្វីត្បិតហត់បន្តិចមែនប៉ុន្តែពួកគាត់បានបង្ហាញនូវទឹកមុខ សប្បាយរីករាយ សំឡេងហ៊ោ ដែលបង្កើតឱកាសបានជួបជុំគ្នា និងរាក់ទាក់គ្នា គ្រួសារតែមួយ។

លោកស្រីបានសំណូមពរចង់ឱ្យមានមហាព្រឹត្តការណ៍នេះ បន្តទៀតជារៀងរាល់ឆ្នាំ ដោយមហាព្រឹត្តការណ៍នេះ ពិតជាបានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ក្នុងខេត្ដសៀមរាប ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ជាមួយគ្នានេះ លោកស្រីបានធ្វើការអំពាវនាវ និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងព្រឹត្តការណ៍នេះ ដើម្បីផ្សព្វផ្សាយទេសចរណ៍ក្នុងខេត្ដរបស់យើង។

…..សម្ភាសន៍ លោកស្រី ស្រី សុភី…..

ដោយឡែក លោកស្រី គឹម ទៀង ជាពលរដ្ឋក្នុងក្រុងសៀមរាប បានយល់ឃើញថា ការរៀបចំមហាព្រឹត្តការណ៍នេះ មានការរៀបចំបានយ៉ាងល្អប្រសើរ ដោយមានការសហការគ្នារវាងក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្ដសៀមរាប ដោយទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដូចជា បានជួបជុំគ្នា ក្នុងនាមជាគ្រួសារខ្មែរតែមួយ។ ការរត់នេះផងដែរ ជួយឱ្យយើងមានសុខភាពល្អ និងជាពិសេសគឺទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនានៅក្នុងខេត្ដសៀមរាបបានកាន់តែច្រើន ជាផ្នែកមួយក្នុងការលើកកម្ពស់សេដ្ឋកិច្ចប្រជាជនឱ្យកាន់តែល្អប្រសើរ។

…..សម្ភាសន៍ លោកស្រី គឹម ទៀង…..

សូមជម្រាបថា ព្រឹត្តិការណ៍សមរាត្រី «EQUINOX ANGKOR RUN រត់ដើម្បីទេសចរណ៍» មានអ្នកចូលរួមប្រមាណ ១ម៉ឺននាក់ដើម្បីទស្សនា «សមរាត្រីអង្គរ» ព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ធ្វើឡើងនៅម៉ោង៤ និង៣០នាទីព្រឹក ចាប់ផ្ដើមពីស្ពានថ្មព្រះរាជដំណាក់ ឆ្ពោះទៅកាន់តំបន់អង្គរ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់កីឡា និងសុខភាព ព្រមទាំងផ្សព្វផ្សាយសក្ដានុពលទេសចរណ៍តំបន់អង្គរ ជំរុញចលនាទេសចរណ៍ក្នុងរដូវកាលបៃតង(Green Season) និងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឱ្យមកទស្សនា និងស្នាក់នៅខេត្តសៀមរាបកាន់តែច្រើន៕

អត្ថបទ៖ លោក អោត រត់

កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Leave a Reply

Your email address will not be published. Required fields are marked *