អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀមរាប ទទួលបានការបណ្ដុះបណ្ដាល ស្តីពីនីតិវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដើម្បីសម្របសម្រួលវិវាទរបស់ប្រជាពលរដ្ឋ
នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៅរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តសៀមរាប បានទទួលការបណ្ដុះបណ្ដាល ស្តីពីនីតិវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីមានមូលដ្ឋានចំណេះដឹងគ្រប់គ្រាន់ក្នុងការដោះស្រាយ សម្របសម្រួល ផ្សះផ្សាវិវាទជូនបងប្អូនប្រជាពលរដ្ឋ ដែលរៀបចំដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ដោយផ្តល់ជូនសិក្ខាកាមនូវចំណេះដឹងស៊ីជម្រៅ និងការអនុវត្តជាក់ស្ដែង ផ្តោតលើដំណាក់កាលសំខាន់ៗទាំង៣ នៃការសម្រុះសម្រួលរួមមាន ដំណាក់កាលមុនដំណើរការសម្រុះសម្រួល ដំណាក់កាលអំឡុងពេលសម្រុះសម្រួល និងដំណាក់កាលក្រោយការសម្រុះសម្រួលដោះស្រាយវិវាទ។ ឯកឧត្តមបានបន្តថា សម្តេចធិបតីនាយករដ្ឋមន្ត្រី ដាក់ចេញនូវវិធានការគន្លឹះជាអាទិភាពចំនួន៥ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខដែលត្រូវសម្រេចឱ្យបានចេញជាលទ្ធផលនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ដោយក្នុងនោះរួមមាន «ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌»។
ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់ថា ក្នុងនីតិកាលទី១២ នៃរដ្ឋសភា ការកែទម្រង់ប្រព័ន្ធច្បាប់ និងយុត្តិធម៌ នៅតែជាកិច្ចការងារមួយដែលចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា ដោយការងារនេះត្រូវរៀបចំជាមុំមួយដែលសំខាន់ ដែលជាអាទិភាពដើម្បីដោះស្រាយបញ្ហាប្រឈម និងត្រូវសម្រេចឱ្យបានជាលទ្ធផលនូវកិច្ចការងារអាទិភាពចំនួន៣ មានដូចជាទី១ ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បន្ថែមទៅលើយន្តការដែលមានស្រាប់ដើម្បីសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការឱ្យបានឆាប់រហ័សទី២.ការជំរុញ និងការដោះស្រាយសំណុំរឿងដែលកកស្ទះ នៅតុលាការឱ្យបានឆាប់រហ័ស និងទី៣ការត្រួតពិនិត្យ និងការដោះស្រាយនូវភាពមិនប្រក្រតីនៅតាមតុលាការដើម្បីដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជាការលើកកម្ពស់តម្លាភាពសុចរិតភាព និងភាពត្រឹមត្រូវក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្ដីរបស់តុលាការ។
លោក លី សារី អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ដើម្បីចូលរួមជាចំណែកនៃរាជរដ្ឋាភិបាល និងសម្រាប់អភិវឌ្ឍន៍ប្រព័ន្ធយុត្តិធម៌ និងលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌ សម្រាប់បុគ្គលគ្រប់រូបនៅមូលដ្ឋាន និងសហគមន៍ក្នុងខេត្តសៀមរាប ឱ្យកាន់តែប្រសើរឡើង រដ្ឋបាលខេត្តសៀមរាប បានយកចិត្តទុកដាក់ និងបានរៀបចំយន្តការ នៃការដោះស្រាយសំណូមពរ ការតវ៉ា រួមទាំងវិវាទដីធ្លី និងវិវាទមិនមែនដីធ្លីក្នុងភូមិសាស្ត្រខេត្តសៀមរាប ដោយប្រើប្រាស់យន្តការ គណៈកម្មការដោះស្រាយទំនាស់ឃុំ សង្កាត់ យន្តការគណៈកម្មការសុរិយោដីក្រុង ស្រុក និងការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន យន្តការគណៈកម្មការរដ្ឋបាលក្រុមការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
សូមគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពមន្រ្តីនៃរដ្ឋបាលថ្នាក់ក្រោមជាតិសំដៅលើការលើកកម្ពស់ការដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សដើម្បីភាពសុខដុមរមនាក្នុងសហគមន៍ ដែលស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាង អ.ដ.ក. និងរដ្ឋបាលខេត្តសៀមរាប និងដោយមានការគាំទ្រពី អង្គការ UNDP ផងដែរ៕
អត្ថបទ៖ លោក ជា សុវណ្ណពិសិដ្ឋ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

