ចេញផ្សាយ៖ រសៀលថ្ងៃទី០២ ខែមករា ឆ្មាំ២០២៦
សៀមរាប ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២៦ របស់អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ។ ក្នុងនោះដែលក៏មានការអញ្ជើញចូលរួមពីលោកស្នងការរង លោកនាយ នាយរងការិយាល័យ លោកអធិការ អធិការរង លោកនាយ–នាយរងផ្នែក លោកនាយ–នាយរងប៉ុស្តិ៍ និងមន្ត្រី នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងផងដែរ ។
ជាមួយគ្នានេះផងដែរក៏មានការធ្វើបទអន្តរាគមន៍ពីលោកអធិការ និងកម្លាំងជំនាញ ព្រមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង អំពីលទ្ធផលការងារដែលសម្រេចបានកន្លងមក និងដឹងពីបញ្ហាប្រឈមនៅសេសសល់ សំដៅរួមគ្នាលើកបទពិសោធន៍ការងារ កំណត់ជាទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០២៦ ឱ្យកាន់តែមានប្រសិទ្ធិភាពល្អបន្ថែមទៀត ។
ថ្លែងក្នុងកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ ស្នងការ បានសរសើរចំពោះកងកម្លាំងទាំងអស់ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដែលបានយកចិត្តទុកដាក់ខិតខំបំពេញតួនាទីភារកិច្ច ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាពេលកន្លងមកបានយ៉ាងល្អប្រសើរ តាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំ ។
កងកម្លាំងនគរបាលទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ បង្កើនសាមគ្គីភាពផ្ទៃក្នុង គោរពបទវិន័យរបស់កងកម្លាំងឲ្យបានខ្ជាប់ខ្ជួន មានកិច្ចសហប្រតិបត្តិការល្អជាមួយអង្គភាព និងស្ថាប័នដែលពាក់ព័ន្ធ ក្នុងភូមិសាស្ត្រក្រុង ពង្រឹងបន្ថែមទៅលើកិច្ចការងារជំនាញ ការពារ ធានារក្សាសន្តិសុខ សណ្ដាប់ធ្លាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ មានទំនួលខុសត្រូវខ្ពស់ទៅតាមតួនាទី និងភារៈកិច្ចរបស់ខ្លួន យកចិត្តទុកដាក់លើបញ្ហា ក្មេងទំនើង ,គ្រឿងញៀន,ល្បែងស៊ីសង,គ្រោះថ្នាក់ចរាចរណ៍, គ្រោះអគ្គិភ័យ, ពិសេស
បទល្មើស Scam Online និងបទល្មើសផ្សេងៗទៀតដែលអាចកើតមានឡើង ក៏ដូចជា បន្តយកចិត្តទុកដាក់ លើកិច្ចការងារចុះធ្វើវេទិកាសាធារណៈ និងផ្សព្វផ្សាយពីគោលនយោបាយភូមិ–សង្កាត់ មានសុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងយកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យបានឆាប់រហ័ស ជំរុញប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលមានអត្តសញ្ញាណប័ណ្ណ ដែលអស់សុពលភាព មកបន្តសុពលភាពឱ្យបានគ្រប់ៗគ្នា ។
លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បាននាំយកអំណោយរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ជូនដល់កម្លាំង នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ផងដែរ៕លុចណាម

