ចេញផ្សាយ៖ ថ្ងៃទី០៦ ខែកម្ភៈ ឆ្នាំ២០២៦
នាថ្ងៃទី០៣–០៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារសុខារ៉េស៊ីដិនភ្នំពេញ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងឯកឧត្តមប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៏ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងអន្តរក្រសួង ស្ថាប័ន, ឯកឧត្តម លោកជំទាវអភិបាលរង នៃគណៈអភិបាលរាជធានី ខេត្ត, ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលអញ្ជើញមកពីវិស័យឯកជន, ឯកឧត្តម លោកជំទាវ លោក លោកស្រីជាមន្រ្តីរាជការក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍រាជធានី ខេត្ត ព្រមទាំងសមាគមទេសចរណ៍ក្នុងវិស័យទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ក្រុមហ៊ុនវិនិយោគ មគ្គុទ្ទេសក៍ទេសចរណ៍ សហគមន៍ទេសចរណ៍បណ្តាញសារព័ត៌មាន អ្នកផលិតមាតិកាព័ត៌មាន Influencers ប្រមាណ ២,០០០នាក់ តាមរយៈការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Zoom Meeting)។
អស់រយៈពេល២ថ្ងៃមកនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អង្គសន្និបាតទាំងមូល ពិតជាបានចូលរួមវេទិកាពិភាក្សាលើប្រធានបទចំនួន ៩ ការផ្លាស់ប្ដូរយោបល់ និងឯកភាពគា្នលើទិសដៅការងារបន្ត និងបានស្វែងយល់កាន់តែច្បាស់អំពីការលើកកម្ពស់ការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ សំដៅជំរុញវិស័យនេះឱ្យឆ្លើយតបបានកាន់តែប្រសើរ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេល ទៅនឹងការវិវត្តនៃស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ច ទាំងនៅកម្ពុជា តំបន់ និងសកលលោក ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងទស្សនទាន «មិនទុកតួអង្គណាមួយ និងទីកន្លែងណាមួយចោល» (Leaving No One and No Place Behind)។
ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា មហាគ្រួសារវិស័យទេសចរណ៍ ត្រូវរួមគ្នាបន្តរក្សាវត្តមានជាអចិន្ត្រៃយ៍នៃសុខសន្តិភាព ដែលកម្ពុជាយើងរកបានដោយលំបាក តាមរយៈការដាក់ចេញនូវគោលនយោបាយឈ្នះ–ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ ហើយក៏គ្មានទេសចរណ៍ដែរ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចបន្ថែមថា ក្នុងនាមមហាគ្រួសារវិស័យទេសចរណ៍ យើងសូមប្រកាសជាថ្មីម្តងទៀត គាំទ្រយ៉ាងពេញទំហឹង ដោយឥតងាករេនូវរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណគោរពជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការតម្រង់ទិសពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់លើវិស័យទេសចរណ៍ជាប់ជាប្រចាំ ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការបំពេញតួនាទីភារកិច្ចដ៏ថ្លៃថ្លានេះ ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ស្ថានឯកអគ្គរដ្ឋទូត ស្ថានឯកអគ្គរាជទូតបរទេសនៅកម្ពុជា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅបរទេស ដៃគូអភិវឌ្ឍ សារព័ត៌មាន វិស័យឯកជន គ្រប់ភាគីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមគាំទ្រ និងសហការយ៉ាងសកម្ម ដើម្បីសម្រេចបាននូវសមិទ្ធផលយ៉ាងត្រចះត្រចង់ លើការងារអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា សម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូប និងតជំនាន់។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា ក្រោយពីត្រឡប់ទៅអង្គភាពរៀងៗខ្លួនវិញ ឯកឧត្តម លោកជំទាវ លោកលោកស្រី នឹងយកស្មារតីនៃសន្និបាតនេះ ទៅបំប្លែងជាសកម្មភាពជាក់ស្ដែង ដើម្បីនាំមកនូវភាពរីកចម្រើនសម្រាប់ជាតិ និងប្រជាជនយើង។
ក្នុងស្មារតីជឿជាក់ និងក្ដីសង្ឃឹមយ៉ាងមុតមាំលើអនាគតនៃវិស័យទេសចរណ៍កម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី បានគូបញ្ជាក់ថា យើងទាំងអស់គ្នានឹងរួមគ្នាបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងមហាគ្រួសារទេសចរណ៍ ប្រកបដោយសុទិដ្ឋិនិយម និងភាពម្ចាស់ការជាមួយនឹងការរួបរួមសាមគ្គីជាធ្លុងមួយ ពង្រឹងឯកភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ ដើម្បីរួមគ្នាកំណត់ជោគវាសនានៃវិស័យទេសចរណ៍កម្ពុជា និងរុញច្រាននាវានៃវិស័យដ៏មានសក្ដានុពលនេះ ឱ្យសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត ដែលផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋគ្រប់រូប និងតម្កល់ឧត្ដមប្រយោជន៍ជាតិជាធំ ៕លុចណាម

